ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP) នៅទីស្ដីការក្រសួងមហាផ្ទៃ។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋបាលខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តរតនគិរី តំណាងយូនីសេហ្វ សរុបប្រមាណ៣៥នាក់។
ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ខេត្ត ក្នុងការត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលបន្តដល់ជនបង្គោលនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

