ប្រធានាធិបតីបារាំង៖ លោក ដូណាល់ ត្រាំ បានស្នើរុស្ស៊ីឱ្យសម្របសម្រួលវិបត្តិរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ដែនដីទឹកកកហ្គ្រោអង់ឡង់ បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនាថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើរុស្ស៊ីឱ្យសម្របសម្រួលវិបត្តិរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែរដ្ឋធានីមូស្គូខ្វះភាពជឿជាក់លើដំណោះស្រាយនៃវិបត្តិសង្គ្រាម ដែលកំពុងឆាបឆេះដ៏សន្ធោសន្ធៅនៅមជ្ឈិមបូព៌ា។
នៅក្នុងបទសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី១៥ ខែមិថុនា លោក ត្រាំ លើកឡើងថា លោកបើកចំហចំពោះលោក ពូទីន ក្នុងការសម្របសម្រួលវិបត្តិរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែលោក ម៉ាក្រុង បានបានច្រានចោលគំនិតបែបនេះ។
ជាមួយគ្នា លោក ម៉ាក្រុង ក៏បានលើកឡើងថា៖«ខ្ញុំជឿថា រុស្ស៊ីមិនជាប់ពាក់ព័ន្ធក្នុងជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ដ៏សាហាវនេះទេ ហើយរុស្ស៊ីមិនបានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះមិនអាចជាអ្នកសម្រុះសម្រួលសង្គ្រាមបានទេ»។
លើសពីនេះ លោក ម៉ាក្រុង បន្ថែមថា បារាំង មិន បាន ចូល រួម ក្នុង ការ វាយ ប្រហារ ណា មួយ របស់ អ៊ីស្រាអែល ប្រឆាំង នឹង អ៊ីរ៉ង់ ទេ។ មែនទែនទៅ ការ ប្រយុទ្ធ គ្នា រវាង អ៊ីស្រាអែល និង អ៊ីរ៉ង់ កំពុងឡើងកម្តៅកាន់តែ ខ្លាំង ខណៈជនស៊ីវិលក្នុងតំបន់ត្រូវបានជម្លៀសដើម្បីសុវត្ថិភាព។
គួរជម្រាបថា ការលើកឡើងរបស់លោក ម៉ាក្រុង កើតឡើងក្រោយដំណើរ ទស្សនកិច្ច នៅ មជ្ឈិមបូព៌ា របស់ លោក ត្រាំ ខណៈប្រធានាធិបតី សហរដ្ឋ អាម៉េរិករូបនេះ អះអាងថា រដ្ឋធានីវ៉ាស៊ីនតោន ខិត ជិត កាន់តែខ្លាំង ក្នុង ការ ធានា កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយ អ៊ីរ៉ង់។ តែយ៉ាងណា អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងប្រយុទ្ធគ្នាឥតសំចៃដៃ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ខ្ញុំជឿថា វាមិនបញ្ចប់នោះទេសហរដ្ឋអាម៉េរិកនៅតែចូលរួមក្នុងអង្គការណាតូ និងសម្ព័ន្ធមិត្តចាស់ៗរបស់យើង»។
គួរបញ្ជាក់ថា ថ្វីដ្បិតអាម៉េរិកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអ៊ីស្រាអែលក៏ដោយ ប៉ុន្តែប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបដិសេដលើផែនការរបស់រដ្ឋធានីហ្សេរ៊ុយហ្សាឡិមទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺ លោក អាយ៉ាតូឡាហ៍ អាលីខាមេនី ស្របពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាលក្ខណៈទ្រង់ទ្រាយធំ៕
