ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ៖ សមុទ្រគឺមានភាពសំខាន់ ខណៈរាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សមុទ្រគឺមានភាពសំខាន់ ខណៈរាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងការយល់ដឹង ពីបរិស្ថាន ទេសចរណ៍ឆ្នេរសមុទ្រ វប្បធម៌ និងប្រពៃណីរបស់សហគមន៍អ្នករស់នៅតាមតំបន់សមុទ្រ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចដោយជោគជ័យជូនជាតិឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ និងបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនបានរង់ចាំ (UNOC1) (UNOC2) ឬ (UNOC3) នោះទេ ប៉ុន្តែ កម្ពុជាបានចាប់ផ្តើមថែរក្សាដែនសមុទ្ររបស់ខ្លួនចាប់ពីពេលនេះតទៅ។
ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងបន្ថែមថា ក្នុងឱកាសថ្លែងសន្ទរកថា នៅចំពោះមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីជុំវិញពិភពលោក នៅទីក្រុងនីស ប្រទេសបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន របស់កម្ពុជា ២០២៣-២០២៨ ដែលមានមូលដ្ឋានលើសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាពផងដែរ៕
