សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រគល់ផ្ទះចំនួន ២ខ្នង ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ និងទុរគតជន ១គ្រួសារ នៅស្រុកពារាំង

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ និងទុរគតជន ១គ្រួសារ នៅឃុំរាប និងឃុំកញ្ចំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ថែមពីនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងលោកប្រធានអនុសាខាស្រុក ព្រមទាំងសហការី បានបន្តដំណើរចុះពិនិត្យមត្តេយ្យសហគមន៍ ដែលកំពុងដំណើរការសាងសង់ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង។
ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩(Covid-19) វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នឹងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សរុបអ្នកចូលរួមចំនួន ៦២នាក់ ស្រី ៤០នាក់។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីនាឱកាសនោះដែរ។
-អនុសាខាស្រុកពារាំង បានឧបត្ថម្ភថវិកាបន្ថែមក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល និងផ្តល់សារ៉ុង ជូនដល់អ្នកចូលរួមផងដែរ។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៤២ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២០៤បង្គន់៕

