សម្តេចតេជោ ស្នើឲ្យភាគីថៃ គួរតែចាប់បញ្ជូនយុវជនម្នាក់ ដែលបន្លំស្លៀកសម្លៀកបំពាក់យោធា ហើយបង្កើតវីដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ មកកម្ពុជាវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ ក្រោយឃើញក្រុមប្រឆាំង ដែលជាពួកឧទ្ទាមក្រៅច្បាប់ ចែកចាយវីដេអូ របស់យុវជនម្នាក់ បន្លំស្លៀកពាក់ឯកសណ្ឋានយោធា ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីថៃ គួរតែចាប់បញ្ជូនយុវជនម្នាក់ ដែលបន្លំស្លៀកសម្លៀកបំពាក់យោធា ហើយបង្កើតវិដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ មកកម្ពុជាវិញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សម្តេចតេជោមានប្រសាសន៍ថា អំពើក្បត់ជាតិ របស់ក្រុមប្រឆាំង គឺបែបនេះ ឯងដែលពូកែច្នៃប្រឌិតបង្កើតជារឿង ញុះញង់ឲ្យមានភាព ច្របូកច្របុល គឺទាំងមេទាំងកូនដូចគ្នា។
សម្តេចតេជោបន្តថា ប្រទេសជាតិកំពុងប្រឈមមុខ ជាមួយនឹងការឈ្លានពាន របស់បរទេស បែរជាមេក្រុមប្រឆាំង ទាំងកូនទាំងចៅរបស់ពួកគេ នាំគ្នាទៅឃុបឃិត ជាមួយបរទេសមកបំផ្លាញខ្មែរទៅវិញ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងញុះញង់ ឲ្យមានភាពវឹកវរពេញផ្ទៃប្រទេស។
សម្តេចតេជោបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជា មួយជននេះទេ គួរតែក្លាហាន ចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់” ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១០ មិថុនានេះ មានយុវជនម្នាក់ដែលជាក្រុមឧទ្ទាមបានបង្កើតព័ត៌មានបែបញុះញង់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគ្រាមេដឹកនាំកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយលើករណីព្រំដែននេះជាខ្លាំងជាមួយភាគីថៃ។ យុវជននេះ បានស្លៀកពាក់ជាឯកសណ្ឋានយោធា ហើយបានបន្លំនិយាយ តាមប្រព័ន្ធអេកូមនិយាយបញ្ឆេះកំហឹងរឿងព្រំដែន៕
ករណីនេះ បើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ គឺបុគ្គលរូបនេះមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជន គណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ៕

