សម្តេចតេជោ មានគម្រោងអញ្ជើញសម្តេច ស ខេង ,សម្តេច ទៀ បាញ់ ,ឯកឧត្ដម ជា សុផារ៉ា ,ឯកឧត្ដម ប៊ិន ឈិន និង ឯកឧត្ដម កែ គឹមយ៉ាន់ ទៅហាងកាហ្វេ ដើម្បីពិភាក្សាគ្នារឿងផ្សេងៗ

ភ្នំពេញ៖ នៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅព្រឹកថ្ងៃទី៣ មិថុនា នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានលើកឡើងថា នៅថ្ងៃណាមួយដែលជាឱកាសល្អ សម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង ,សម្តេច ទៀ បាញ់ ,ឯកឧត្ដម ជា សុផារ៉ា ,ឯកឧត្ដម ប៊ិន ឈិន និងឯកឧត្ដម កែ គឹមយ៉ាន់ ទៅហាងកាហ្វេ ដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។
សម្តេចបញ្ជាក់ថា “យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ។ កាញារីទ្ធទៅវាជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ”។
សម្តេចតេជោបន្ថែមថា សព្វថ្ងៃនេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយ៉ាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសឡើងគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ៕

