សម្ដេចតេជោ៖ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មក ហើយមិនអាចឱ្យអ្នកណាមកដណ្តើមយកទៀតនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មក ហើយក្នុងប្រវត្តិសាស្ត្រ មិនអាចឱ្យអ្នកណាមកដណ្តើមយកទៀតនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបញ្ជាក់ថា “កម្ពុជាគ្មានត្រូវការ ទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ”។
សម្តេចតេជោបានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេច ចំនួន ៨៤% ទៅហើយ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល ២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកបង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត៕

