ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីបានប្រមូលកងទ័ពចំនួន ៥០ ០០០នាក់ នៅក្បែរតំបន់ភាគខាងជើង Sumy ប៉ុន្តែទីក្រុងកៀវ បានចាត់វិធានការរារាំងក្រុងមូស្គូ ពីការវាយលុកទ្រង់ទ្រាយធំនៅទីនោះ

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានប្រមូលកងទ័ពចំនួន ៥០ ០០០នាក់ នៅក្បែរតំបន់ភាគខាងជើង Sumy ប៉ុន្តែទីក្រុងកៀវ បានចាត់វិធានការរារាំងក្រុងមូស្គូ ពីការវាយលុកទ្រង់ទ្រាយធំនៅទីនោះ។
លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «កងកម្លាំងក្នុងចំនួនដ៏ច្រើនរបស់ពួកគេ (រុស្ស៉ី) បច្ចុប្បន្នស្ថិតនៅលើជួរមុខនៃតំបន់ Kursk ដើម្បីរុញច្រានកងទ័ពរបស់យើងចេញពី Kursk និងរៀបចំសកម្មភាពវាយលុកតំបន់ Sumy»។
គួរបញ្ជាក់ថា Sumy ជាតំបន់ព្រំដែនជាប់តំបន់ Kursk របស់រុស្ស៉ី។ លោក ពូទីន ធ្លាប់និយាយថាចង់បង្កើតតំបន់ការពារ នៅតាមព្រំដែនជាមួយអ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ជឿជាក់ថា រុស្ស៉ីចង់បង្កើតក្នុងជម្រៅប្រហែល ១០គីឡូម៉ែត។ ការប្រមូលផ្តុំនេះ ក៏បានធ្វើឡើងនៅពេលដែលរុស្ស៉ី ហាក់កំពុងត្រៀមលក្ខណៈ សម្រាប់ការវាយលុករដូវក្តៅនៅអ៊ុយក្រែន ខណៈដែលទីក្រុងកៀវរង់ចាំឱ្យទីក្រុងមូស្គូ បង្ហាញលក្ខខណ្ឌរបស់ខ្លួន ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់៕
