ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងស្ម័គ្រចិត្តតភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ប្រសិនបើអ៉ីស្រាអែលទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេស

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នៅថ្ងៃពុធ ទី២៨ ខែឧសភា បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្តតភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ប្រសិនបើអ៉ីស្រាអែលទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ឥណ្ឌូណេស៉ី ដែលជាប្រទេសមានជនមូស្លីមភាគច្រើន ច្រើនជាងគេលើពិភពលោក គ្មានទំនាក់ទំនងផ្លូវការជាមួយអ៉ីស្រាអែលទេ ហើយតែងតែបានអំពាវនាវគាំទ្រ «ដំណោះស្រាយរដ្ឋពីរ» សម្រាប់ជម្លោះដ៏យូរអង្វែងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។
ថ្លែងក្នុង សន្និសីទសារព័ត៌មានរួមគ្នាជាមួយ ប្រធានាធិបតីបារាំង នៅទីក្រុងហ្សាការតា លោក Prabowo បាននិយាយដូច្នេះថា «ក្នុងឱកាសផ្សេងៗគ្នា ខ្ញុំធ្លាប់និយាយថា ឥណ្ឌូណេស៉ីមើលឃើញដំណោះស្រាយរដ្ឋពីរ និងសេរីភាពសម្រាប់ប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ»។
លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានបញ្ជាក់ថា នៅពេលដែលអ៉ីស្រាអែលទទួលស្គាល់ ប៉ាឡេស្ទីនជាប្រទេសពេញលេញ នោះឥណ្ឌូណេស៉ីក៏នឹងទទួលស្គាល់អ៉ីស្រាអែលដូចគ្នា ហើយបង្កើតទំនាក់ទំនងការទូតរវាងគ្នា។
ក្នុងឱកាសខាងលើ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានគូសបញ្ជាក់ដែរថា ដំណោះស្រាយរដ្ឋពីរ គឺជាជម្រើសប្រសើរជាងគេបំផុត សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន ហើយលោកបានអះអាងថា គ្មានស្តង់ដារពីរនៅក្នុងគោលនយោបាយរបស់បារាំង ចំពោះតំបន់មជ្ឈិមបូព៌ាឡើយ៕
