ហ្វីលីពីនប្រកាសបើកចិត្ត ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបន្ថែមទៀតជាមួយរដ្ឋធានីប៉េកាំង ដើម្បីជាឈ្នាន់ឈានទៅរកសន្តិភាពនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង

គូឡាឡាំពួរ៖ ហ្វីលីពីនប្រកាសបើកចិត្ត បើកបេះដូងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបន្ថែមទៀតជាមួយរដ្ឋធានីប៉េកាំង ដើម្បីជាឈ្នាន់ឈានទៅរកសន្តិភាពនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង ខណៈប្រទេសអាស៊ីទាំង២ ប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃជុំវិញការទាមទារត្រួតលើផ្លូវទឹកយុទ្ធសាស្ត្រ ពោរពាសដោយភោគទ្រព្យធម្មជាតិ និងជាផ្លូវនាវាចរដឹកទំនិញដ៏មានសក្តានុពល។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅរាជធានីគូឡាឡាំពួរថា៖«ក្នុងវិសាលភាពនៃមធ្យោបាយការទូត ឬមធ្យោបាយសន្តិភាព ឬកិច្ចសហប្រតិបត្តិការ គឺពិតជាស្ថិតនៅក្នុងគំរូរបស់យើង»។
ជាមួយគ្នានេះ លោក ម៉ាណាឡូ បានលើកឡើងថា ហ្វីលីពីនបានប្តេជ្ញាចិត្តដើម្បីផ្តោតលើរបៀបវរៈដែលខ្លួនអាចបង្កើនល្បឿនកិច្ចចរចាសម្រាប់ក្រមប្រតិបត្តិរវាងអាស៊ាន-រដ្ឋធានីប៉េកាំងស្តីពីសមុទ្ទចិនខាងត្បូង។
ជាងនេះទៅទៀត មេដឹកនាំហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានសង្កត់ធ្ងន់ថា៖«នេះគឺដើម្បីការពារសិទ្ធិដែនសមុទ្ទ លើកកម្ពស់ស្ថិរភាព និងទប់ស្កាត់ការគណនាខុសនៅលម្ហសមុទ្ទ[ចិនខាងត្បូង]»។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបង្ហើបថា ភាគីទាំងអស់បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ក្រមនេះ នៅឆ្នាំក្រោយ ដោយហ្វីលីពីននឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦។
មែនទែនទៅ ហ្វីលីពីនព្រួយបារម្ភជាខ្លាំងចំពោះវត្តមានចូលឈ្លានពានឥតឈប់ឈររបស់ឆ្មាំឆ្នេរសមុទ្ទរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ផ្ទុយទៅវិញ ចិនបានចោទហ្វីលីពីនពីបទរំលោភបំពានក្នុងដែនទឹករបស់ខ្លួន ខណៈរបបប៉េកាំងទាមទារអធិបតេយ្យភាពស្ទើរតែទាំងមូលនៃសមុទ្ទចិនខាងត្បូង ដែលរួមមានផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងហ្វីលីពីន។
គួរបញ្ជាក់ថា សមុទ្ទចិនខាងត្បូង គឺជាផ្លូវទឹកពាណិជ្ជកម្មប្រហែល៣ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈដែនទឹកនេះនៅតែជាប្រភពនៃភាពតានតឹងរវាងចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេស គឺហ្វីលីពីន ជាមួយទំនាក់ទំនងកាន់តែអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
