សម្តេចធិបតី ណែនាំក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និង ការរៀន។
ក្នុងឳកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និង ធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញ បង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្ដង់ដាសាលាគរុកោសល្យគំរូ»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្ត្រថ្មី នៃការបង្រៀន, ការរៀន និងការវាយតម្លៃដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និងភាពច្នៃប្រឌិតខ្ពស់៕