បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី
ភ្នំពេញ៖ នារាត្រីថ្ងៃទី ១៩ ខែឧសភានេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ដំណើរការកំណែសន្លឹកកិច្ចការ និងបូកសរុបពិន្ទុ វិញ្ញាសាសរសេរលើកទី ១ នៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានស្វែងរកឃើញបេក្ខជនចំនួន ៤១នាក់ ក្នុងនោះស្រី ១៨នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១នេះ។
ក្នុងដំណើរការពិនិត្យ ផ្ទៀងផ្ទាត់ ប្រកាសលទ្ធផលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងអង្គភាពប្រឆាំងអំពេីពុករលួយ និងអ្នកសង្កេតការណ៍។
សូមបញ្ជាក់ថា បេក្ខជនដែលជាប់លើវិញ្ញាសាសរសេរលើកទី ១ នេះនឹងត្រូវបន្តត្រៀមខ្លួនប្រឡងលើវិញ្ញាសាសរសេរលើកទី ២ នាថ្ងៃទី២៥ ខែឧសភាខាងមុខនេះដោយការប្រឡងនេះ បេក្ខជនដែលមានសិទ្ធិប្រឡងគឺមានចំនួន៥០៧នាក់ ខណៈការជ្រើសរើសគឺត្រឹមតែ១៥នាក់៕