ប្រទេសកាណាដា បានផ្អាកយកពន្ធសងសឹកលើទំនិញមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន

បរទេស៖ ប្រទេសកាណាដា បានផ្អាកយកពន្ធសងសឹកលើទំនិញមួយចំនួនដែលនាំចូលពីសហរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ហ្វ្រង់ស័រ ហ្វីលីព ឆេមផេញ (Francois-Philippe Champagne) បានបញ្ជាក់ថា ពន្ធ៧០ ភាគរយដែលបានដាក់នៅខែមីនា នៅតែត្រូវបានអនុវត្ត ទោះបីជាមានការផ្អាកលើប្រភេទមួយចំនួនក៏ដោយ។
ចំណាត់ការនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី និងអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វ៉ាន ពិភាក្សាអំពីពាណិជ្ជកម្មនៅទីក្រុងរ៉ូម បន្ទាប់ពីបានចូលរួមពិធីឡើងកាន់តំណែងសម្រាប់សម្តេចបាប លីអូ ទី១៤ (Leo XIV) ឬសម្តេចប៉ាបលីអូ។ លោក ខានី បានដាក់ពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិករាប់ពាន់លានដុល្លារ ជាការឆ្លើយតបទៅនឹងពន្ធអាម៉េរិកលើទំនិញកាណាដា។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តត្រូវបានផ្តល់ការលើកលែង ដោយផ្តល់ឱ្យពួកគេរក្សាផលិតកម្ម និងការវិនិយោគនៅក្នុងប្រទេសកាណាដា។
ការប្រកាសនេះ ត្រូវបានគូសបញ្ជាក់កាលពីថ្ងៃទី៧ ខែឧសភា នៅក្នុងកាសែតផ្លូវការរបស់រដ្ឋាភិបាល រួមជាមួយនឹងការផ្អាកពន្ធលើផលិតផលដែលប្រើប្រាស់ក្នុងការកែច្នៃម្ហូបអាហារ ភេសជ្ជៈ និងការវេចខ្ចប់ សុខភាព ការផលិត សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។ ជុំវិញបញ្ហានេះ មេដឹកនាំបក្សប្រឆាំង លោក ព្យែរ ប៉ូលីវើរ ចោទប្រកាន់លោក ខានី ថា បានទម្លាក់ពន្ធសងសឹកដោយស្ងាត់ស្ងៀមមកត្រឹមជិតសូន្យ ដោយមិនបានប្រាប់នរណាម្នាក់ឡើយ។
យ៉ាងណា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ឆេមផេញ បានហៅការអះអាងទាំងនោះថា ជាការមិនពិត ដោយលើកឡើងថា៖«ដើម្បីសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាម៉េរិក កាណាដាបានចាប់ផ្តើមការឆ្លើយតបដ៏ធំបំផុត ដែលមិនធ្លាប់មាន រួមទាំងពន្ធ ៦០ពាន់លានដុល្លារកាណាដាលើទំនិញសម្រេច ហើយ៧០ភាគរយនៃពន្ធទាំងនោះនៅតែមានដដែល»។ លោកបន្ថែមថា ពន្ធប្រឆាំងរបស់កាណាដាត្រូវបានក្រិតតាមខ្នាត ដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ខណៈការកំណត់នៃការប៉ះពាល់ដល់សេដ្ឋកិច្ចចំពោះប្រទេសកាណាដា៕
