សម្តេចធិបតី ណែនាំថ្នាក់ដឹកនាំខេត្ត និងគ្រូនៅខេត្តពោធិ៍សាត់ ពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំថ្នាក់ដឹកនាំខេត្ត និងគ្រូនៅខេត្តពោធិ៍សាត់ ពង្រឹងអភិបាលកិច្ចសាលារៀន និង អភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និង ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ ដែលបាននិងកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាការដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និង អនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា,សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធ សុខភាព ដូចជា៖ រៀបចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាព ដែលចិញ្ចឹមទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត៕

