ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ
ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បាននិយាយថាអ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីអ៊ុយក្រែនដែលរុស្ស៉ី បានដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ ហើយបញ្ជាក់ឡើងវិញដែរថាលោកខាងលិចមិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងឡើយ។
ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1។
លោក Macron បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនឱ្យមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែយើងក៏មិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងនោះដែរ។ សង្រ្គាមត្រូវតែបញ្ចប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរនៅឯតុចរចា»។
លោក Macron បានបន្ថែមទៀតថាអ៊ុយក្រែនបានយល់ពីស្ថានការណ៍យ៉ាងច្បាស់ ដោយពួកគេបានទទួលស្គាល់ថាខ្លួនមិនមានសមត្ថភាពដើម្បីដណ្ដើមយកមកវិញនូវអ្វីៗគ្រប់យ៉ាង ដែលខ្លួនបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៤មកនោះទេ។ អ្វីដែលលោកប្រធានាធិបតីបារាំង Macron បានលើកឡើងនេះគឺលោកចង់សំដៅទៅលើតំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕