សម្ដេចធិបតី៖ គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នានោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នានោះទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបង្កើតឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក មិនមែនជាការកែប្រែខ្លឹមសារនោះទេ ប៉ុន្ដែដើម្បីប្រមូល និងបកប្រែនៅចំណុចដែលខ្វះខាត ដោយបញ្ញវន្តព្រះពុទ្ធសាសនាជំនាន់ក្រោយនឹងបន្តការងារទាក់ទងនឹងគម្ពីរក្បួនច្បាប់ធម៌អាថ៌ឱ្យបានចម្រើនទៅមុខ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ ៕


