ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនពលរដ្ឋ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ ក្នុងស្រុកសំបូរ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំ ដឹកនាំកងកម្លាំងអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ សាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំរុំជំរកកន្លែងស្នាក់នៅ ប្រចាំការ បំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទទួលយកយោបល់របស់ ប្រជាពលរដ្ឋនូវបញ្ហាប្រឈមក្ដីកង្វល់ ដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបន្តទៀតថា មន្ត្រីប៉ុស្តិ៍បន្តចុះតាមខ្នងផ្ទះ ចែកលេខទូរស័ព្ទសមត្ថកិច្ចសម្រាប់អន្តរាគមន៍ បន្តធ្វើអំពីល្អ ផ្ដល់ទំនុកចិត្ត ភាពកក់ក្តៅប្រជាពលរដ្ឋ ពង្រឹងជាប្រចាំ ការល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមគោលដៅងាយរងគ្រោះគ្រប់គ្រងថែរក្សាទ្រព្យរដ្ឋឲ្យបានគង់វង្ស។
សូមបញ្ជាក់ដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ប៉ុស្តិ៍ ស្ថិតនៅតំបន់ដាច់ស្រយាល ដែលលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ចុះពិនិត្យមើលស្ថានភាពទូទៅរួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងចារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ៕

