កម្ពុជា-ឥណ្ឌា ឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជានាពេលកន្លងមក និងបានឯកភាពគ្នាលើសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ជាពិសេសលើការបញ្ចប់ការរៀបចំនូវសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងសន្ធិសញ្ញាស្តីពីបត្យាប័ន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ៕

