ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង។
កិច្ចប្រជុំនេះដែរមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាន តំណាង អគ្គនាយកដ្ឋានភស្ភុភារ និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រីវរសេនីយ៍ទោ វរសេនីយ៍ទោឯក ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ដល់ក្រុមការងារដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។
ឯកឧត្តម ប៊ុន ហុន បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការអនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ដែរថា៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះ មានគោលបំណង កំណត់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលត្រូវបង្ក្រាប និងទប់ស្កាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សង្គម និងធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មក្នុងសង្គមជាតិ ៕

