ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណ៥៥០នាក់។
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤នេះ រៀបចំឡើងមានចំនួនមួយថ្ងៃកន្លះ(ថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៥) នៅទីស្ដីការក្រសួងមហាផ្ទៃ។
សិក្ខាសាលាឆ្លុះបញ្ចាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺ ១).បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ នៃយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ២).ការចែករំលែកនូវបទពិសោធល្អៗពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋជុំវិញការផ្តល់សេវារដ្ឋបាល ដោយការិយាល័យប្រជាពលរដ្ឋ។ ៣).ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈម ឬលើកឡើងនូវសំណើសំណូមពរនានា៕

