សម្តេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគការផលិតបារីអគ្គិសនីនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគ លើការផលិតបារីអគ្គិសនី (E-Cigarettes) នៅកម្ពុជាទោះផលិតគោលដៅ នាំចេញក៏ដោយ ក៏មិនត្រូវការដែរ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន, មានសិស្សសាលាប្រើប្រាស់ Vape (បារីអគ្គិសនី) ច្រើនដូច្នេះគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង់ឱ្យជាប់ ចំពោះការប្រើប្រាស់បារីអគ្គិសនី។
សម្តេចធិបតី ក៏បានប្រាប់ក្មួយៗ ជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់បារីអគ្គិសនីត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ។
ពាក់ព័ន្ធបារីអគ្គិសនីនេះដែរ, សម្ដេចនាយករដ្ឋមន្ដ្រី ប្រកាសច្រានចោលនូវសំណើប្រទេសមួយក្នុងការចង់បើករោងចក្រផលិត បារីអគ្គិសនីនៅកម្ពុជា។
ពាក់ព័ន្ធទៅនឹងការវិនិយោគវិញ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍រាល់ការវិនិយោគផ្សេងៗ ក្រៅពីបារីអគ្គិសនី៕

