ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ សាលសន្និបាតកោះពេជ្រ, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ប្រមាណជាង៥០០នាក់។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធី។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារបន្ថែមទៀត និងខិតខំពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនិងការងាររបស់បក្សឱ្យកាន់តែរីកចម្រើនទៅមុខ៕

