សម្តេចធិបតី លើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយនូវភាពចន្លោះប្រហោង និងកង្វះខាតរបស់មន្រ្តីរាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យ មានការផ្សព្វផ្សាយនូវភាពចន្លោះប្រហោង និងកង្វះខាតរបស់មន្រ្តីរាជរដ្ឋាភិបាល ប៉ុន្តែត្រូវមានសុក្រឹតភាព និងត្រឹមត្រូវច្បាស់លាស់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសលើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមអ្នកសារព័ត៌មានមួយចំនួនកុំយកអា ជីពអ្នកសារព័ត៌មានឯករាជ្យ ហើយទៅរំលោភបំពានសិទ្ធគេឲ្យសោះ គប្បីត្រូវគោរពគ្នាទៅវិញទៅមក ត្រូវ មានសុចរិតភាព និងត្រូវមានព្រំដែនឲ្យច្បាស់លាស់។
ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន៕

