ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីតំណាងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្ររបស់ BYD នៅកម្ពុជា អាចដំឡើង រថយន្ដ ចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងដំឡើងរថយន្តចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី៕

