ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែបន្ដ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែបន្ដ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៧៩រូប ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ, ផ្សព្វផ្សាយឯកសារជំនួយស្មារតី, និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងដាក់ចេញទិសដៅការងារឱ្យមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងស្ថានភាពនានាដើម្បីថែរក្សា ការពារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ជំរុញ និងលើកកម្ពស់ជីវភាពសង្គម សេដ្ឋកិច្ច របស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សាន វិសាល សមាជិកអចិន្រ្ដៃយ៍គណបក្សក្រសួង និងជាប្រធានលេខាធិការដ្ឋានគណបក្សក្រសួង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥។ បន្ទាប់មក ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទបានផ្សព្វផ្សាយឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ខែមីនា និងទិសដៅការងារឃោសនាអប់រំ ខែមេសា ឆ្នាំ២០២៥ របស់គណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារ និងឯកសារជំនួយស្មារតីរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គណបក្សក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ស្របតាមតួនាទី ភារកិច្ច ក្នុងក្របខ័ណ្ឌបទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈរបស់គណបក្ស។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ដូចខាងក្រោម៖
ទី១៖ ត្រូវយកស្មារតីនៃអង្គប្រជុំដូចមានក្នុងរបាយការណ៍ ទិសដៅបន្ដ និងក្នុងខ្លឹមសារនៃឯកសារជំនួយស្មារតី ទៅផ្សព្វផ្សាយបន្ដនៅតាមមូលដ្ឋានស្រុក ឃុំ ភូមិជូនជ្រាប និងអនុវត្ត។
ទី២៖ត្រូវបន្ដចលនាភ្លៀងរលឹម ចិញ្ចឹមចលនានៅតាមមូលដ្ឋាន និងត្រៀមគ្រប់មធ្យោបាយ សម្រាប់ចូលរួមយកជ័យជន្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឆ្នាំ២០២៨ ខាងមុខនេះ។
ទី៣៖ ត្រូវចុះជំរុញការងារចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាន និងបន្ដពង្រីកសមាជិកបក្ស ក្នុងស្រទាប់យុវជន ដើម្បីបង្កើនបរិមាណសមាជិកគណបក្ស ដោយផ្អែកលើគោលការណ៍ “សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក”។
ទី៤៖ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរបបប្រជុំប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ និងការចុះមូលដ្ឋាន ឱ្យបានទៀងទាត់ ដើម្បីក្ដាប់ និងពង្រឹងការងារសតិអារម្មណ៍របស់សមាជិកគណបក្ស និងប្រជាពលរដ្ឋ។
ទី៥៖ ត្រូវបន្តខិតខំជំរុញការងារសាងសង់សាលប្រជុំនៅតាមទីស្នាក់ការគណបក្សឃុំទាំងអស់ និងផ្គត់ផ្គង់សម្ភារបរិក្ខាចាំបាច់នានាឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥នេះ។
ទី៦៖ ត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ដើម្បីរក្សាការពារឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ៕

