អង្គសន្និបាតយុវជនគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ក្នុងការពង្រឹងអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ និងគ្រប់ផ្នែក ដែលមានស្រាប់ តាមរយៈការជំរុញឱ្យអនុវត្តនូវគោលការណ៍របស់គណបក្ស

ភ្នំពេញ៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្ស ប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ (ពេញមួយថ្ងៃ) នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
សមាសភាពចូលរួមក្នុងសន្និបាត រួមមាន តំណាងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គការចាត់តាំងយុវជនគណបក្សចាប់ពីថ្នាក់កណ្តាល រហូតដល់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សតាមបណ្តាប្រទេស និងទ្វីប ក្រុមជំនួយការយុវជនគណបក្សថ្នាក់កណ្តាល និងអង្គការយុវជនគាំទ្រគណបក្ស សរុបចំនួន ៣៦១១រូប។
អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលបានកំណត់ ក្នុងស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងរយៈពេលពេញមួយថ្ងៃនេះ អង្គសន្និបាតបានពិភាក្សា និងអនុម័តរបាយការណ៍ បូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលបានផ្តល់នូវ អនុសាសន៍សំខាន់ៗដល់យុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តយកចិត្ត ទុកដាក់ខ្ពស់លើការងារមួយចំនួន ដើម្បីជំរុញការយល់ដឹងឱ្យកាន់តែច្បាស់ស៊ីជម្រៅ និងអនុវត្តប្រកប ដោយប្រសិទ្ធភាព។
អង្គសន្និបាតយកចិត្តទុកដាក់ក្នុងការពង្រឹងអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ និងគ្រប់ផ្នែក ដែលមានស្រាប់ តាមរយៈការជំរុញឱ្យអនុវត្តនូវគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ ម្នាក់ៗ ទទួលខុសត្រូវ និងមតិភាគតិច គោរពមតិភាគច្រើន ព្រមទាំងរបៀបរបបធ្វើការ គណបក្សឱ្យកាន់តែ មានប្រសិទ្ធភាព រួមមាន៖ របបសន្និបាត របបប្រជុំ របបរៀនសូត្រ របបចុះ មូលដ្ឋាន របបរាយការណ៍ សុំយោបល់ និងរបបតាមដានត្រួតពិនិត្យ។ ត្រូវធ្វើឱ្យប្រាកដថា ទីកន្លែងណាមានអង្គការចាត់តាំង គណបក្ស ទីកន្លែងនោះ ត្រូវមានអង្គការចាត់តាំងយុវជនគណបក្ស ដើម្បីដឹកនាំ និងគ្រប់គ្រងលើ ស្មារតី និងសតិអារម្មណ៍យុវជននៅទីនោះ និងរារាំងរាល់ការអូសទាញរបស់គណបក្សប្រឆាំងនានា។ ទន្ទឹមនឹងនេះ ត្រូវចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ទាំងក្នុង និងក្រៅ ប្រទេស អនុវត្តសេចក្តីណែនាំលេខ ០០២/០៤២៥/សណ.គក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការកែសម្រួលឈ្មោះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។
អង្គសន្និបាត ធានាឱ្យបាននូវស្មារតីសាមគ្គីភាពផ្ទៃក្នុងខ្ពស់ នៅគ្រប់អង្គការចាត់តាំងយុវជន គណបក្ស គ្រប់ថ្នាក់ និងគ្រប់ផ្នែក ដោយធ្វើការអប់រំនយោបាយសតិអារម្មណ៍ផ្ទៃក្នុងឱ្យមានការឯកភាពខាងទស្សនៈ គោលជំហរ និងសកម្មភាព ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវ គោលការណ៍របស់គណបក្ស គឺប្រជាធិបតេយ្យប្រមូលផ្តុំ បុគ្គលគោរពសមូហភាព ថ្នាក់ក្រោមគោរពថ្នាក់លើ។
អង្គសន្និបាតបន្តក្តាប់ជាប់ និងអនុវត្តតាមយុទ្ធសាស្ត្ររបស់គណបក្ស “ផ្អែកលើអំពើល្អរបស់មន្ត្រី គណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោត “ដោយពង្រឹងការគ្រប់គ្រង សមាជិកគណបក្សជាយុវជន តាមរយៈការធ្វើបច្ចុប្បន្នភាពប្រកបដោយគុណភាព កំណត់ឱ្យបានច្បាស់ នូវមុខសញ្ញាយុវជនដែលត្រូវកសាងជាសមាជិកបក្ស និងជំរុញការពង្រីកសមាជិកគណបក្សជាយុវជនថ្មី ដោយផ្តោតការយកចិត្តទុកដាក់លើយុវជនដែលទើបគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំនីមួយៗ និងត្រូវជួយគាំទ្រ ឱ្យពួកគាត់បានទៅចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥ ២០២៦ និង២០២៧ ហើយបន្ទាប់មកត្រូវ ធ្វើពិធីប្រកាសចូលជាសមាជិកគណបក្សជាផ្លូវការរួមទាំងការបំពាក់បំប៉នសតិអារម្មណ៍ឱ្យបានយល់ ច្បាស់ពីប្រវត្តិ ស្នាដៃ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយរបស់គណបក្ស ដើម្បីធានាបាននូវ គោលការណ៍ “សមាជិកគណបក្ស១រូប ជាសំឡេងគាំទ្រគណបក្ស១សន្លឹក” សំដៅធានាប្រៀបឈ្នះជូន គណបក្សគ្រប់កាលៈទេសៈ នៃការបោះឆ្នោត៕

