អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន

បន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិមញនេះ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ទីតាំងកើតហេតុហើយធ្វើការហៅជាម្ចាស់តាក់ស៊ីដឹកពលករឈ្មោះឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើតភូមិចំណោមកំពែង ឃុំចំណោម ស្រុកខេត្តតា កែវ អាសយដ្ឋានបច្ចុប្បន្នភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង រួមនឹងរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AT-៨៥៧១ នឹងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្ដង។
លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានបញ្ជាក់ឱ្យដឹងថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថាពួកគេមានបំណងចេញទៅប្រទេសថៃតាមច្រកល្បៀងដោយខុសច្បាប់ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការណែនាំ ធ្វើកិច្ចសន្យា និងបានឱ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ។
ចំណែកជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន ដែលជាម្ចាស់រថយន្តបានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់បានដឹកពលករចំនួន២លើករួចមកហើយដែរ ហើយលើកទី៣នេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕

