សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា កំពង់ផែនេះ លេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងបម្រើដល់វិស័យទេសចរណ៍កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសាធារណៈ ឬសមិទ្ធផលជាតិទីមួយដែលសម្ដេចបានសម្ពោធក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈកំពង់ផែនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ៕

