រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»

ភ្នំពេញ៖ ដូចសព្វមួយដង មានមិត្តអ្នកអានជាច្រើនបានសំណូមពរមកខ្ញុំ ឱ្យផ្សាយពីរឿងរ៉ាវក្រៅឆាកដូចដែលខ្ញុំតែងចងក្រងកន្លងមកនូវរាល់កិច្ចប្រជុំធំៗ និងឥរិយាបថរបស់មេដឹកនាំនៅពេលមានដំណើរទស្សនកិច្ចម្តងៗទៅកាន់ប្រទេសនានា។ ក៏ដូចគ្នាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលមិត្តអ្នកអានបានដឹងថា ប្រាកដជាមានរឿងក្រៅឆាកទៀតហើយ។ ដើម្បីឆ្លើយតបនូវសំណូមពរទាំងនោះ ខ្ញុំសូមរំលេចនិងផ្សាយជូននូវវគ្គក្រៅឆាកខ្លះៗដូចខាងក្រោម៖
បួនយប់ប្រាំថ្ងៃ៖
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសអាស៊ានចំនួនបី ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី ស៊ី ជីនពីង បានចំណាយពេលបួនយប់ប្រាំថ្ងៃដោយផ្តើមរាត្រីដំបូងនៅប្រទេសវៀតណាម រយៈពេលមួយយប់ បន្ទាប់មកពីរយប់នៅម៉ាឡេស៊ី និងរាត្រីចុងក្រោយនៅកម្ពុជា។
វក់វីថ្ងៃទស្សនកិច្ច៖
ថ្ងៃខែដែល លោក ស៊ី ជីនពីង បានមកដល់ប្រទេសកម្ពុជាបានក្លាយទៅជាប្រធានបទមួយដែលត្រូវបានគេយកមកពិភាក្សាយ៉ាងផុលផុសនោះគឺថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចម្រូងចម្រាស់មួយសម្រាប់អ្នកកត់ត្រាប្រវត្តិសាស្រ្ត។ មានការលើកឡើងថា ហេតុដូចម្តេចបានជា លោក ស៊ី ជីនពីង រើសយកថ្ងៃ១៧ ខែមេសា ប៉ះចំថ្ងៃដែលខ្មែរក្រហមចូលកាន់អំណាច? នៅកម្ពុជាមានការយល់ឃើញផ្សេងៗគ្នា រីឯសារព័ត៌មានបរទេសមួយបានសរសេរថា លោក ស៊ី បានរើសយកចំថ្ងៃខួបទី៥០ នៃការដួលរលំរបប លន់ នល់ (១៧ មេសា ១៩៧៥) ដែលអាម៉េរិកនៅពីក្រោយ។ ជាទម្លាប់ រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសមួយទៅកាន់ប្រទេសមួយទៀត ឬទៅកាន់ប្រទេសច្រើនក្នុងពេលតែមួយមិនងាយតម្រូវចិត្តដល់គ្រប់ប្រទេសជាម្ចាស់ផ្ទះនោះឡើយ លុះត្រាតែមានការសម្របសម្រួលនិងយោគយល់ខ្លះ។ តាមព័ត៌មានក្រៅផ្លូវការ ថ្នាក់ដឹកនាំកម្ពុជាក៏មានសំណូមពរលើកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះដែរ ប៉ុន្តែការទទួលរបស់ប្រទេសពីរទៀតក៏ជួបបញ្ហាដែរ ហើយបើកម្ពុជាទទួលលោក ស៊ី ជីនពីង ជាប្រទេសដំបូងគឺថ្ងៃទី១៤ មេសា រឹតតែលំបាក ឬភាសាសាមញ្ញថាជាការរំខានទៅវិញ ព្រោះចំថ្ងៃចូលឆ្នាំដំបូងនៅស្រុកខ្មែរ តើកម្ពុជាទៅរកអ្នកចាំទទួលដែលគ្រោងទុក និងអ្នកដែលពាក់ព័ន្ធក្នុងការទទួលរួមទាំងសន្តិសុខចំនួនប្រហែលជាងបីម៉ឺននាក់ចំថ្ងៃចូលឆ្នាំបានយ៉ាងដូចម្តេចទៅ? (សច្ចភាពមានតែមួយ ប៉ុន្តែការយល់ឃើញខុសៗគ្នា មនុស្ស១០ ចិត្ត១០) ៕

