ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន ប្រកាសលាលែងពីតំណែង

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tammy Bruce បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសាថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែន លោកស្រី Bridget Brink កំពុងលាលែងពីតំណែង ដោយមិនបានផ្តល់កាលបរិច្ឆេទចេញដំណើរជាក់លាក់ណាមួយឡើយ។
លោកស្រី Brink ត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងត្រូវបានបញ្ជាក់ជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភាអាមេរិកក្នុងខែឧសភា ឆ្នាំ២០២២។ លោកស្រីគឺជាអ្នកគាំទ្រជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។
ការចាកចេញរបស់លោកស្រី ធ្វើឡើងក្នុងគ្រាដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ហាញសញ្ញាអំពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងកិច្ចប្រជុំដ៏តានតឹងមួយក្នុងអំឡុងពេលដែលលោក Trump និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានស្តីបន្ទោសមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ចំពោះការគាបសង្កត់សហរដ្ឋអាមេរិកលើការធានាសន្តិសុខ។
