សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣។
ទស្សនាទានចំនួន៣ ដែលឈរក្នុង«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» មានដូចខាងក្រោម៖
ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឲ្យក្លាយជាខេត្តដែលមាន មូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹង គោលនយោបាយជាតិនានា។
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលរហ័ស, ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍, ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ៕

