ស្លាប់ ៧នាក់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍បាក់ធ្នឹមបេតុង ស្ពានផ្លូវល្បឿនលឿន កំពុងសាងសង់ នៅទីក្រុងបាងកក

បាងកក៖ មនុស្សយ៉ាងតិចណាស់៧នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាក់ធ្នឹមបេតុងនៃស្ពានផ្លូវល្បឿនលឿនដែលកំពុងសាងសង់នៅជិតផ្លូវរាមាទី២ (Rama 2) ក្នុងរាជធានីបាងកក នាព្រឹកថ្ងៃសៅរ៍ទី១៥ ខែមីនានេះ។ យ៉ាងណា អាជ្ញាធរកំពុងស្វែងរកមនុស្សប្រហែល៣០នាក់ផ្សេងទៀត ដែលគេជឿថាកំពុងជាប់នៅក្រោមគំនរថ្មបាក់បែក។
យោងតាមសេចក្តីរាយការណ៍ ធ្នឹមបេតុងដែលកំពុងសាងសង់ ស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីច្រកចូលផ្លូវល្បឿនលឿនបានបាក់សង្កត់លើរចនាសម្ព័ន្ធផ្លូវល្បឿនលឿន បណ្តាលឱ្យកម្មករ៧នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ ក្នុងហេតុការណ៍នេះ ក្រុមជួយសង្គ្រោះ និងមន្ត្រីមកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរាជធានីបាងកក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់ទីតាំង និងជួយសង្រ្គោះអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក ដោយប្រើសត្វឆ្កែហិតក្លិន និងឧបករណ៍ជំនួយឯកទេស។
កម្មករម្នាក់នៅកន្លែងកើតហេតុ បានរាយការណ៍ថា បានឮសំឡេងខ្លាំងលាន់ដូចផ្គរលាន់ នៅពេលដែលធ្នឹមស្ពានផ្លូវល្បឿនលឿនបានបាក់រលំ។ ផ្លូវនៅជិតនោះត្រូវបានបិទគ្រប់ច្រកដោយសារប្រតិបត្តិការសង្គ្រោះកំពុងបន្ត។ ទន្ទឹមគ្នានេះ វិស្វករ និងប៉ូលិសកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំនេះ។ រីឯក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកបន្ទាប់ពីការដួលរលំនៃធ្នឹមបេតុងពីស្ពានផ្លូវល្បឿនលឿនដែលកំពុងសាងសង់នៅជិតផ្លូវរាមាទី២(Rama 2) ក្នុងរាជធានីបាងកកនៅថ្ងៃសៅរ៍ទី១៥ ខែមីនានេះ។ គួរបញ្ជាក់ថា ហេតុការណ៍នេះធ្វើឱ្យចរាចរណ៍ស្ទះណែនណាន់តាន់តាប់៕

