ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិ ជំរុញទេសចរណ៍ឲ្យទៅលេងភ្នំខ្នងផ្សារ ហើយក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំអគ្គិសនី, បណ្ដាញទូរស័ព្ទ និងផ្លូវឡើងទៅភ្នំខ្នងផ្សារឲ្យល្អប្រសើរ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរមើលទេសភាព និងព្រៃឈើរបស់កម្ពុជា។
ការរៀបចំនេះគឺគោលបំណងសំខាន់គឺស្របទៅតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែរបៃតង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍នៅមូលដ្ឋាន ក៏ដូចជាជួយដល់ការអភិរក្សធនធានធម្មជាតិផងដែរ។
ក្រុមការងារពិសេសដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យមើលកន្លែងរៀបចំចំណតឡាន, មជ្ឍមណ្ឌលព័ត៌មាន និងគិលានដ្ឋានផងដែរ។
បន្ថែមពីនេះក្រុមការងារក៏បានទៅពិនិត្យទីតាំងសម្រាប់ឈប់សម្រាក សម្រាប់ការឡើងថ្មើរជើង ពីជើងភ្នំទៅភ្នំសំពៅ ដើម្បីបន្តទៅខ្នងផ្សារតែម្ដង។
លើសពីនេះអ្វីដែលជាការសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយយោងទៅតាមដំណើរទស្សនកិច្ចរបស់សម្ដេច ក្រុមការងារបានចុះអនុវត្តតាមអនុសាសន៍របស់សម្ដេចធិបតី ដែលជំរុញឲ្យទៅជាកន្លែងទេសចរធម្មជាតិ សម្រាប់បម្រើឲ្យផលប្រយោជន៍សហគមន៍និង ប្រជាសហគមន៍ឲ្យក្លាយទៅជាអ្នកពាណិជ្ជករ ជាអ្នកបម្រើសេវា និងជាអ្នកការពារតំបន់ធម្មជាតិនេះឲ្យមានចីរភាពតរៀងទៅ។
តំបន់ភ្នំខ្នងផ្សារ ដែលមានសក្ដានុពល ដូចនេះប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យ មានន័យថាគោលដៅអភិវឌ្ឍបៃតង គឺបានសម្ពោធបើកការដ្ឋានសាងសង់អង់តែនទូរស័ព្ទនៅលើខ្នងភ្នំនេះ បន្ទាប់មកក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ដល់ថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់សហគមន៍ផង និងសម្រាប់ការងារជួយដល់វិស័យទេសចរណ៍ ព្រមទាំងការអភិវឌ្ឍលំហែរបៃតងនេះ គឺនៅតែរក្សានូវដើមឈើមិនឲ្យមានការប៉ះពាល់ដែលជាសក្តានុពលធនធានធម្មជាតិ និងទេសភាពតំបន់ភ្នំខ្នងផ្សារនេះទេ។
សូមបញ្ជាក់ថា ក្រោយពីមានបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី រួចមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទៅលើផែនការបន្ទាន់តាមបទបញ្ជា និងរៀបចំប្លង់មេឲ្យចេញជារូបរាងឆាប់ៗ និងគោលដៅជំរុញឲ្យមានភ្ញៀវទេសចរណ៍ទៅលេងនៅទីនោះ៕

