លោក ហ្សេឡេនស្គី ប្រកាសថា អ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលស្នើឡើងដោយអាមេរិក

ជេដដា៖ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសកាលពីថ្ងៃអង្គារទី១១មីនាថា អ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាម៉េរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។
លោក ហ្សេឡេនស្គី និយាយបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាង ៨ម៉ោងថា សំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែនគ្របដណ្ដប់លើខ្សែបន្ទាត់ជួរមុខទាំងមូលនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្ទនោះទេ។
លោក ហ្សេឡេនស្គី បន្ថែមថា សំណើរបស់អ៊ុយក្រែនសម្រាប់បទឈប់បាញ់រួមមាន៖ ភាពស្ងៀមស្ងាត់នៅលើមេឃ និងនៅសមុទ្ទ ការដោះលែងអ្នកទោសអ៊ុយក្រែន ដើម្បីបង្កើតទំនុកចិត្តក្នុងស្ថានភាពទាំងមូល និងការវិលត្រឡប់របស់កុមារអ៊ុយក្រែនពីប្រទេសរុស្ស៊ី។
សហរដ្ឋអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែនបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងជេដដាថា ខ្លួននឹងលុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែនឡើងវិញ។ មន្ត្រីអ៊ុយក្រែនម្នាក់បានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំនួយសន្តិសុខរបស់អាម៉េរិកដល់អ៊ុយក្រែនបានដំណើរការឡើងវិញ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បាននិយាយភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថា ទំនួលខុសត្រូវនៅពេលនេះ គឺស្ថិតនៅលើប្រទេសរុស្ស៊ី ដើម្បីចាត់វិធានការបញ្ចប់សង្រ្គាម។
កិច្ចពិភាក្សាកាលពីថ្ងៃអង្គារកើតឡើងនៅពេលវេលាដ៏សំខាន់មួយនៅក្នុងសង្គ្រាម ខណៈកងកម្លាំងរបស់រុស្ស៊ីបន្តវាយរុលទៅមុខក្នុងតំបន់ Kursk។
ភាគីទាំងពីរក៏បានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងរ៉ែដ៏កម្រមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពង្រីកសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងធានាសន្តិសុខរយៈពេលវែងរបស់ប្រទេស។ គួរបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែនដែលមិនរួមបញ្ចូល លោក ហ្សេឡេនស្គី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ និងទីប្រឹក្សាសន្តិសុខជាតិលោក មៃ វ៉ាល់ស៍ (Mike Waltz)។ ទាំងលោក រូប៊ីអូ និងលោក វ៉ាល់ស៍ បានចូលរួមកិច្ចពិភាក្សាផ្ទាល់ជាមួយរុស្ស៊ីកាលពីខែមុន៕

