នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស

ឡុងដ៍៖ នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិកមួយគ្រឿង ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទទី១០មីនា បណ្តាលឱ្យនាវាទាំងពីរឆាបឆេះក្លាយជាចំណីព្រះអគ្គិមួយរំពេច នៅលើផ្ទៃមហាសាគរ បណ្តាលឱ្យមានករណីផ្ទុះជាច្រើនតង់ និងបង្ខំឱ្យនាវិកនាវាទាំងពីររត់គេចខ្លួនរកតែប្រាស់អាយុ។
ប្រតិបត្តិករបានអះអាងថា នាវាដឹកប្រេងយន្តហោះដែលផ្ទុកប្រេងឥន្ធនៈរាប់ម៉ឺនតោនបានបោះយុថ្កានៅមួយកន្លែង ជាអកុសលនាវាដឹកទូរកុងតឺន័របានបុក ធ្វើឱ្យធុងប្រេងធ្លាយចូលទៅក្នុងផ្ទៃសមុទ្ទ។
ឆ្មាំឆ្នេរសមុទ្ទរបស់ចក្រភពអង់គ្លេស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិក៣៦នាក់ ត្រូវបានបញ្ជូនទៅឆ្នេរសមុទ្ទដោយសុវត្ថិភាព ខណៈមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ឆ្មាំសមុទ្ទបន្ថែមថា សមាជិកនាវិកម្នាក់នៃនាវាដឹកទំនិញដែលមានទង់ជាតិព័រទុយហ្គាល់ Solong នៅតែបាត់ខ្លួន ស្របពេលប្រតិបត្តិការស្វែងរកត្រូវបានបញ្ចប់។ អ្នកជំនាញបានបញ្ជាក់ថា វានៅតែមានហានិភ័យនៃការខូចខាតបរិស្ថាន។
គួរជម្រាបឡើងវិញថា នាវាដឹកប្រេង Stena Immaculate មានប្រវែង១៨៣ម៉ែត្រ ដំណើរការដោយក្រុមហ៊ុនភស្តុភារអាម៉េរិក Crowley បានដឹកប្រេងយន្តហោះ Jet-A1 បន្ទាប់មកក៏ត្រូវបានបុកដោយនាវាដឹកទំនិញ Solong មានប្រវែង១៤០ម៉ែត្រ ខណៈនាវាដឹកប្រេងនោះបោះយុថ្កានៅមួយកន្លែង។ នាវាដឹកប្រេងនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលរចនាឡើងដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធជាមួយនឹងប្រេងឥន្ធនៈនៅពេលចាំបាច់។
ជុំវិញឧប្បត្តិហេតុនេះ ម្ចាស់នាវាដឹកទំនិញ Solong លោក អឺនស្ត៍ រ៉ាសស៍ (Ernst Russ) អះអាងថា ឧប្បត្តិហេតុនាវាដឹកទំនិញបានបុកជាមួយនាវាដឹកប្រេង Stena Immaculate កើតឡើង ស្របពេលនាវាដឹកទំនិញកំពុងធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្ទខាងជើង ចេញពីឆ្នេរសមុទ្ទអង់គ្លេសនៃតំបន់ Humberside ភាគខាងជើងនៃចក្រភពអង់គ្លេស។
ជាក់ស្តែង លោក រ៉ាសស៍ បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នាវាទាំងពីរបានទទួលរងការខូចខាតយ៉ាងដំណំក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នានេះ និងអគ្គិភ័យឆាប់ឆេះជាបន្តបន្ទាប់។
សមាជិកនាវិក១៣នាក់ក្នុងចំណោមនាវិកនៃនាវា Solong ទាំង១៤នាក់ ត្រូវបាននាំយកទៅច្រាំងដោយសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងស្វែងរកសមាជិកនាវិកដែលបាត់ខ្លួនកំពុងបន្ត»។ ក្រុមសង្គ្រោះបន្ទាន់ បានបញ្ជូនឧទ្ធម្ភាគចក្រ យន្តហោះ ទូកសង្គ្រោះ និងនាវានៅក្បែរនោះ ដើម្បីពន្លត់អគ្គិភ័យដែលកំពុងតែឆាបឆេះនៅកណ្តាលមហាសាគរ៕

