សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការពង្រឹងធនធានមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បរិមាណ សំដៅលើគុណភាពដែលពលរដ្ឋខ្មែរអាចមានលទ្ធភាពរៀន និងបើកឱកាសឱ្យបានច្រើនឱ្យពលរដ្ឋអាចរៀនសូត្របានដែលរដ្ឋបានខិតខំបើកសាលារៀនទៅដល់មូលដ្ឋាន។ ចំណែក គុណភាព គឺនិយាយអំពីកម្រិតពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា និងការពង្រឹងគុណភាពគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។
សម្តេចធិបតី បានថ្លែងថា កាលពីមុន កម្ពុជាធ្លាប់តែនាំចូល របស់វត្ថុធាតុដើម តែពេលនេះ កម្ពុជាអាចមានលទ្ធភាពនាំចេញនូវផលិតផលកែច្នៃរួច ទៅកាន់ប្រទេសដទៃ ដោយសារការវិវត្តនេះ គឺកើតចេញពីធនធាននៅក្នុងស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព សំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យានេះឯង គឺគ្រូបង្រៀនត្រូវចេះប្រើប្រាស់ មិនអាចយកឯកសារកាលពី១០ឆ្នាំមុន មកបង្រៀនសិស្សនោះទេ ៕

