អ្នកនាំពាក្យក្រសួងសាធារណការ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានោះ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ( Erection Marchine )រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព ជាកិច្ចបង្ហើយ។
ឯកឧត្តម ផន រឹម ក៏បានជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនាឆ្នាំ២០២៥ ៕

