រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកលនៅខែធ្នូ ឆ្នាំ២០២៥ ឬខែមករា ឆ្នាំ២០២៦

ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានចុះផ្សាយនៅថ្ងៃសៅរ៍ទី៨ ខែមីនានេះថា រដ្ឋាភិបាលយោធា នឹងរៀបចំការបោះឆ្នោតសកលនៅខែធ្នូ ឆ្នាំ២០២៥ ឬខែមករា ឆ្នាំ២០២៦។ នេះជាការផ្ដល់ពេលវេលាជាក់លាក់បំផុតពីសំណាក់ប្រមុខរបបយោធា សម្រាប់ការបោះឆ្នោតដែលត្រូវបានសន្យាជាយូរមកហើយ។
មេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង បាននិយាយក្នុងកំលុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបេឡារុសថា គណបក្សនយោបាយចំនួន៥៣ បានបញ្ជូនបញ្ជីរបស់ពួកគេរួចហើយ ដើម្បីចូលរួមការបោះឆ្នោត ហើយការបោះឆ្នោតអាចធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៥ ឬខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋ Global New Light of Myanmar។
ភូមា ឬមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ហើយបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។ របបយោធាកំពុងជំរុញឱ្យមានការរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុត ជាវិធានការមួយដែលត្រូវបានចំអកយ៉ាងខ្លាំងដោយអ្នករិះគន់ ថាជាការបោកប្រាស់។
កាលពីខែធ្នូ ឆ្នាំ២០២៤ មន្ត្រីការទូតកំពូល នៃរបបយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា បានពន្យល់ប្រាប់ប្រទេសជិតខាងអំពីផែនការរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោត រួមទាំងការអញ្ជើញអ្នកសង្កេតការណ៍បរទេសផងដែរ។
រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា លោក ថាន់ ស្វេ (Than Swe) គូសបញ្ជាក់អំពីផែនទីបង្ហាញផ្លូវនយោបាយ និងវឌ្ឍនភាពលើការរៀបចំការបោះឆ្នោត រួមទាំងជំរឿនប្រជាជន និងការចុះឈ្មោះគណបក្សនយោបាយចំនួន៥៣៕

