លោក ម៉ាក្រុង នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់បារាំង

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយនៅថ្ងៃពុធទី៥ ខែមីនាថា លោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង ដើម្បីការពារទ្វីបពីការគំរាមកំហែងរបស់រុស្ស៊ី ចំពេលមានក្ដីបារម្ភជុំវិញការផ្តាច់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិក។
បារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប។ លោក ម៉ាក្រុង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយនៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបពិសេស បានពណ៌នាប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប ហើយលោកសម្រេចចិត្តបើកការពិភាក្សាជាយុទ្ធសាស្ត្រ ស្តីពីការការពារសម្ព័ន្ធមិត្តនៅលើទ្វីបអឺរ៉ុបក្រោមឆ័ត្រនុយក្លេអ៊ែររបស់បារាំង។ លោកបញ្ជាក់ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់បារាំង នឹងស្ថិតក្នុងដៃរបស់ប្រធានាធិបតីបារាំងតែប៉ុណ្ណោះ។ ចំណាត់ការរបស់លោក ម៉ាក្រុង ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការជំរុញរបស់អ្នកឈ្នះការបោះឆ្នោតអាល្លឺម៉ង់ លោក ហ្វ្រីដរិច មឺស (Friedrich Merz) ដែលថ្មីៗនេះ បានអំពាវនាវឱ្យមានការពិភាក្សាស្តីពីការចែករំលែកនុយក្លេអ៊ែរជាមួយប្រទេសបារាំង។
អឺរ៉ុបរាប់ទសវត្សរ៍មកហើយ ពឹងផ្អែកខ្លាំងលើបងធំអាម៉េរិក។ លោក ម៉ាក្រុង បានលើកឡើងថា៖«អនាគតរបស់អឺរ៉ុបមិនចាំបាច់សម្រេចចិត្តនៅរដ្ឋធានីវ៉ាស៊ីនតោន ឬម៉ូស្គូទេ»។ មេដឹកនាំបារាំងរូបនេះបន្តថា រុស្ស៊ីឥឡូវនេះកំពុងចំណាយ៤០ភាគរយនៃថវិការដ្ឋក្នុងការចំណាយលើវិស័យយោធា ជាមួយនឹងផែនការពង្រីកកងទ័ពនៅឆ្នាំ២០៣០ ជាមួយទាហានបន្ថែមចំនួន៣សែននាក់ រថក្រោះចំនួន៣០០០គ្រឿង និងយន្តហោះចម្បាំងចំនួន៣០០គ្រឿង។ លោក ម៉ាក្រុង បានចោទសួរថា តើរុស្ស៊ីអាចបញ្ឈប់ការឈ្លានពាននៅត្រឹមអ៊ុយក្រែនដែរឬទេ?
ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា៖«សម្ព័ន្ធមិត្តត្រូវតែធ្វើឱ្យប្រាកដថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនម្ដងទៀតទេ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយត្រូវបានចុះហត្ថលេខា។ នេះមានន័យថា យើងត្រូវផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់កងទ័ពអ៊ុយក្រែន និងដាក់ពង្រាយកងកម្លាំងអឺរ៉ុបលើទឹកដីអ៊ុយក្រែន»។ លោក ម៉ាក្រុង បានរៀបរាប់លម្អិតថា កងកម្លាំងទាំងនោះ នឹងមិនប្រយុទ្ធនៅជួរមុខទេ ប៉ុន្តែពួកគេនឹងនៅទីនោះនៅពេលដែលសន្តិភាពត្រូវបានចុះហត្ថលេខា ដើម្បីធានាថា វាត្រូវបានគោរពយ៉ាងពេញលេញ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិ ហើយមន្ត្រីរដ្ឋបាលលោក ត្រាំ បានបង្ហាញថា កម្រិតនៃការចូលរួមរបស់សហរដ្ឋអាម៉េរិកបច្ចុប្បន្នប្រហែលជាមិនស្ថិតស្ថេរជារៀងរហូតនោះទេ៕

