គណៈកម្មការគ្រប់គ្រងសាលារៀន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកខេត្តសៀមរាប អញ្ជើញទស្សនកិច្ចវិទ្យាល័យអូរអំបិល

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ អូរអំបិល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកខេត្តសៀមរាប។
លោក ស្តើង ស៊ីវហឺ នាយកវិទ្យាល័យ អូរអំបិល បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដែលបានមកទស្សនកិច្ចសិក្សានៅវិទ្យាល័យ អូរអំបិលនេះ។និងបានបង្ហាញពី ប្រវត្តិនៃកំណើតវិទ្យាល័យ អូរអំបិល ដែលឆ្នាំ១៩៩៥ ទីតាំងវិទ្យាល័យ អូរអំបិលនេះ គឺជាដីចម្ការគ្មានដើមឈើហើយឆ្នាំ១៩៩៦ សហគមន៍ និងអាជ្ញាធរដែនដី បានសុំឱ្យតំបន់នេះក្លាយទៅជា អនុវិទ្យាល័យ ដោយដាក់ឈ្មោះថា “អនុវិទ្យាល័យ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ អូរអំបិល” ។ ដល់ឆ្នាំ២០០២ បានផ្លាស់ប្តូរពី អនុវិទ្យាល័យ ជា “វិទ្យាល័យ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ អូរអំបិល” ឬ “វិទ្យាល័យ សកពន អូរអំបិល” ឬហៅកាត់ថា វិទ្យាល័យ អូរអំបិល រហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្ថែមថា រយៈពេលជាង២០ឆ្នាំមកនេះ វិទ្យាល័យ មានការរីកចម្រើនយ៉ាងខ្លាំង បច្ចុប្បន្ន ចំនួនសិស្សមានការកើនឡើងជាលំដាប់ ក្លាយជាវិទ្យាល័យ ដែលមានចំនួនសិស្សច្រើនជាងគេ ក្នុងខេត្តបន្ទាយមានជ័យ។ វិទ្យាល័យ មានផ្ទៃដីទំហំ 42,171 ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ បុគ្គលិកសរុប ចំនួន 93 នាក់ ស្រី 37 នាក់ សិស្សសរុប 2501 នាក់ ស្រី 1376 នាក់។ លោកនាយកបានបញ្ជាក់ទៀតថា វិទ្យាល័យ អូរអំបិល មានអាគារចំនួន 11 ខ្នង ដែលមានអគារសិក្សាមាន 6 ខ្នង ទីចាត់ការ 1 ខ្នង បណ្ណាល័យ 1 ខ្នង បន្ទប់កុំព្យូទ័រចាស់ 1 ខ្នង និង ថ្មី 1 បន្ទប់ បន្ទប់ពិសោធន៍ 1 បន្ទប់ បន្ទប់មុខវិជ្ជា 1 ខ្នង (3 បន្ទប់) ផ្ទះសំណាក់គ្រូបង្រៀន 1 ខ្នង (20 បន្ទប់) សាលសហសិក្សា ១ ខ្នង តារាងបាល់ទាត់ ១ បាល់បោះ ១ បាល់ទះ ១ និងតារាងប៊ូល ១។
លោក ស៊ិន កុសល នាយករង តំណាងលោក អាន លីមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ក៏បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់គណៈគ្រប់គ្រងវិទ្យាល័យ អូរអំបិល ដែលចាប់ផ្ដើមតាំងពីបាតដៃទទេ រហូតដើម្បីការអភិវឌ្ឍជាខ្លាំងដោយមានកំណើនសិស្សចូលរៀនមានការកើនឡើងជាលំដាប់។
ក្នុងដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប លោក ស៊ិន កុសល នាយករង ក៏បានបង្ហាញពីគោលបំណងនៃការចុះទស្សនកិច្ចនេះ គឺ (ទី១) ដើម្បីរិតចំណងមិត្តភាពរវាងវិទ្យាល័យ និងវិទ្យាល័យខេត្តទាំងពីរ (ទី២) ផ្លាស់ប្តូរបទពិសោធន៍ការងារតាមក្រុមបច្ចេកទេសនីមួយៗ ផ្តោតលើការរៀបចំវិញ្ញាសាតេស្តស្តង់ដា (ទី៣) បង្ហាញពីសកម្មភាពការងាររបស់ក្រុមប្រឹក្សាយុវជន និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក (ទី៤) ស្វែងយល់អំពីការធ្វើបំណិនកសិកម្ម និងសន្សំប្រាក់របស់សិស្ស និង(ទី៥) ការរៀបចំបរិស្ថានសាលារៀន៕

