ភ្លើងឆេះព្រៃនៅទីក្រុងអូហ្វូណាតូ ភាគឦសានប្រទេសជប៉ុន បានឆាបរាលដាល ដល់ផ្ទៃដី ២១០០ហិកតា

តូក្យូ៖ ភ្លើងឆេះព្រៃនៅទីក្រុងអូហ្វូណាតូ ខេត្តអ៊ីវ៉ាតេភាគឦសាននៃប្រទេសជប៉ុន បានឆាបរាលដាលដល់ផ្ទៃដី ២១០០ហិកតា ខណៈអគ្គិភ័យឆាបឆេះនេះបានអូសបន្លាយអស់រយៈពេល ៦ថ្ងៃទៅហើយដោយមិនដឹងថា ភ្លើងនេះនឹងរលត់នៅពេលណានោះទេស្របពេលដែលភ្លើងឆេះព្រៃនេះគឺជាមហន្តរាយអគ្គិភ័យដ៏ខ្លាំងបំផុតក្នុងរយៈពេល៣ទសវត្សរ៍។
អ្នកពន្លត់អគ្គីភ័យកំពុងដុតដៃដុតជើងដើម្បីពន្លត់ភ្លើងឆេះព្រៃជុំវិញទីក្រុងអូហ្វូណាតូ ភាគឦសានប្រទេសជប៉ុន ខណៈផ្ទៃដីប្រហែល ២១០០ហិកតាត្រូវបានខូចខាត។ ទឹកត្រូវបានបាញ់ស្រោចចេញពីដី និង អាកាសខណៈផ្សែងហុយខ្មួលខ្មាញ់ខ្មៅងងឹតមេឃ។ ទន្ទឹមនឹង កងកម្លាំងស្វ័យការពាររបស់ជប៉ុនបានដាក់ពង្រាយឧទ្ធម្ភាគចក្រ ១៣គ្រឿង រួមទាំងយន្តហោះធំៗចំនួន ៦គ្រឿងដើម្បីបាញ់ទឹកពន្លត់ភ្លើងពីលើអាកាស។
ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ សាកសពបុរស ម្នាក់ ត្រូវបានគេរកឃើញ ខណៈមនុស្សជាង ១២២២នាក់បាននិងកំពុងជ្រកកោននៅក្នុងកន្លែងហាត់ប្រាណសាលា និងកន្លែងផ្សេងៗទៀត ស្របពេលអ្នកស្រុក ចំនួន ៤៥៩៦ នាក់ត្រូវបានជំរុញឱ្យមានការជម្លៀសចេញភ្លាមៗ។ អគារជាង ៨០ខ្នងត្រូវបានលេបត្របាក់ និងក្លាយជាចំណីព្រះអគ្គិ៕

