ឯកឧត្ដម តាន់ ហ្សង់ហ្រ្វង់ស័រ៖ សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបន្ដវិលមករកស្ថានភាពដើមមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបន្ដវិលមករកស្ថានភាពដើមស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩។
នៅក្នុងវេទិកាសារព័ត៌មានលើកទី៦ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម តាន់ ហ្សង់ហ្រ្វង់ស័រ បានឱ្យដឹងថា បច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោកពុំទាន់ចេញរួចនៅឡើយទេពីវិបត្តិ។ ចំណែកស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចសកល គឺមិនទាន់អាក្រក់នោះទេ ផ្ទុយទៅវិញវាបែរជាមានសន្ទុះខ្លាំង និងកម្ពស់ខ្ពស់ទៅវិញ។
ឯកឧត្ដមបានបន្ដថា ការដែលសេដ្ឋកិច្ចសកលបន្ដស្ថិតក្នុងវិបត្តិរាំរៃបែបនេះតទៅទៀត ក៏ព្រោះថា ក្នុងពិភពលោកបន្ដមានភាពតានតឹងភូមិសាស្រ្ដនយោបាយ នៅពុំទាន់ធូរស្រាលនៅឡើយទេ សង្គ្រាមធំៗនៅបន្ដដដែល ខណៈដែលសង្គ្រាមពាណិជ្ជកម្ម បង្ករឡើយដោយរដ្ឋបាលថ្មីរបស់អាមេរិក ចាប់ផ្ដើមលេចធ្លោឡើងមក។
ឯកឧត្ដម តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ទើបនឹងកន្លងផុតទៅ សេដ្ឋកិច្ចកម្ពុជាកើនបាន៦ភាគរយ បានន័យថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា បាននិងកំពុងបន្ដវិលមករកស្ថានភាពដើម ស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺមុនឆ្នាំ២០២០។ កាលណ្ណោះជាច្រើនឆ្នាំជាប់ៗគ្នាគិតជាមធ្យមភាគ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានប្រហែល៧ភាគរយហើយតួលេខនេះ ធ្លាក់មកនៅក្រោម០%នៅឆ្នាំ២០២០ ដែលជាឆ្នាំទី១នៃការរីករាលដាលនៃជំងឺកូវីដ១៩ មុននឹងងើបឡើងវិញបណ្ដើរៗគឺប្រមាណ៣.១ភាគរយក្នុងឆ្នាំ២០២១, ៥.១ភាគរយក្នុងឆ្នាំ២០២២, ៥ភាគរយក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤សេដ្ឋកិច្ចនៃកម្ពុជាបានកើន៦ភាគរយ៕

