លោក ដូណាល់ ត្រាំ ថា លោកនឹងមិនធានាសន្តិសុខអ៊ុយក្រែនទេ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និយាយថា លោកនឹងមិនធ្វើការធានាសន្តិសុខអ៊ុយក្រែនទេ ដោយលោកបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ។
នៅពេលត្រូវបានសួរក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃអាណត្តិទីពីរកាលពីថ្ងៃពុធទី២៦ ខែកុម្ភៈថា តើការធានាសន្តិសុខអ្វី ដែលគាត់មានឆន្ទៈផ្តល់ឱ្យអ៊ុយក្រែននោះ? លោក ត្រាំ ឆ្លើយតបថា៖«ខ្ញុំនឹងមិនធ្វើឱ្យមានការធានាសន្តិសុខខ្លាំងពេកនោះទេ។ អឺរ៉ុបនឹងធានាសន្តិសុខអ៊ុយក្រែន»។
លោក បាន បន្ត ថា ៖« យើង កំពុង និយាយ អំពី អឺរ៉ុប ជា ប្រទេស ជិត ខាងអ៊ុយក្រែន ។ យើងនឹងធ្វើឱ្យប្រាកដថា..អ្វីៗដំណើរការល្អ»។
ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយលោក ហ្សេឡេនស្គី នៅសេតវិមាននៅថ្ងៃសុក្រ ហើយបាននិយាយថា រដ្ឋបាលរបស់លោករីករាយជាមួយនឹងកិច្ចព្រមព្រៀងនេះ។ លោកបញ្ជាក់ថា ការទាញយករ៉ែកម្ររបស់អ៊ុយក្រែន គឺជាការចាំបាច់ ដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងការបន្តគាំទ្រសម្រាប់អ៊ុយក្រែន។
លោក ហ្សេឡេនស្គី បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីកៀវកាលពីថ្ងៃពុធថា អ៊ុយក្រែនបាននិងកំពុងធ្វើការលើក្របខ័ណ្ឌបឋមសម្រាប់កិច្ចព្រមព្រៀងចែករំលែករ៉ែជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែបានព្រមានម្ដងទៀតថា គ្មានកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន ដោយគ្មានការធានាសន្តិសុខរបស់លោកខាងលិចនោះទេ។
មេដឹកនាំអ៊ុយក្រែនបន្តថា៖«បើគ្មានការធានាសន្តិសុខនាពេលអនាគត យើងនឹងមិនមានបទឈប់បាញ់ពិតប្រាកដទេ»។ លោក ហ្សេឡេនស្គី ក៏បាននិយាយផងដែរថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបត់បែនអំពីការធានាសន្តិសុខ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក មិនចាំបាច់ជាចំណុចស្នូលទេ ប៉ុន្តែអាចរួមចំណែកជាមួយប្រទេសដទៃទៀត។
លោកប្រធានាធិបតីបន្ថែមថា លោកចង់សួរទៅលោក ត្រាំ ថា តើសហរដ្ឋអាម៉េរិកអាចបញ្ឈប់ជំនួយយោធាអាម៉េរិកនាពេលអនាគតដែរឬទេ? លោក ថា សម្រាប់ ពេល នេះ មិន មាន ការ បង្កក ជំនួយ ទេ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កិច្ចព្រមព្រៀងនេះនឹងផ្តល់សិទ្ធិឱ្យសហរដ្ឋអាម៉េរិកទទួលបានសារធាតុរ៉ែសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែនជាសំណងសម្រាប់ជំនួយរបស់សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់នឹងការឈ្លានពានពេញលេញរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញ ដើម្បីប្រមូល និងវិនិយោគឡើងវិញនូវប្រាក់ចំណូលពីអ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៊ីដ្រូកាបូន និងវត្ថុធាតុដើម ដែលអាចទាញយកបានផ្សេងទៀត។ អ៊ុយក្រែន នឹងរួមចំណែកដល់មូលនិធិ៥០ភាគរយនៃការចំណាយប្រតិបត្តិការ ហើយបន្តរហូតដល់ការរួមចំណែកឈានដល់ចំនួន៥០០ពាន់លានដុល្លារ។ សហរដ្ឋ អាម៉េរិក នឹង ផ្តល់ ការ ប្តេជ្ញា ចិត្ត ផ្នែក ហិរញ្ញវត្ថុ រយៈពេល វែង ដល់ ការ អភិវឌ្ឍ អ៊ុយក្រែន ដើម្បីឱ្យមាន ស្ថិរភាព និង វិបុលភាព ខាង សេដ្ឋកិច្ច។
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ហើយនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរដ្ឋធានីកៀវ និងវ៉ាស៊ីនតោន។ នេះបើតាមឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អូលហា ស្តេហ្វានីស៊ីណា ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

