សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន ប្រកបដោយគុណភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន ប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធាន បន្ថែមទៀត។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជ្រើសរើសបន្ថែម គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី២១ ដល់យុវជន ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅគ្រឹះស្ថានឧត្តមសិក្សា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងត្រូវធ្វើការពង្រឹងមូលដ្ឋាន ជាកិច្ចការចាំបាច់ គ្រូបង្រៀនត្រូវប្រឹងប្រែងផលិតសិស្ស ដែលប្រកបដោយគុណភាព ហើយរាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ៕

