រដ្ឋធានីសាន់ធីអាហ្គោ របស់ប្រទេសឈីលី ធ្លាក់ក្នុងភាពងងឹតសូន្យសុង ខណៈរណ្តៅអណ្តូងរ៉ែទង់ដែងធំៗកំពុងប្រឈមបញ្ហា

សាន់ធីអាហ្គោ៖ រដ្ឋធានីសាន់ធីអាហ្គោរបស់ប្រទេសឈីលី បានធ្លាក់ក្នុងភាពងងឹតសូន្យសុងកាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ ខណៈរណ្តៅអណ្តូងរ៉ែទង់ដែងធំៗកំពុងប្រឈមបញ្ហា ក្រោយប្រទេសមួយនេះជួបបញ្ហាដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
ក្រោយចរន្តអគ្គិសនីដាច់ ប្រទេសឈីលីបានធ្លាក់ទៅក្នុងភាពអន្ធការ ខណៈរដ្ឋាភិបាលរបស់ប្រទេសនេះប្រកាសពីភាពអាសន្ន និងបានបង្កើតបម្រាមគោចរចាប់ពីម៉ោង ១០យប់ដល់ម៉ោង៦ព្រឹក (ម៉ោងនៅឈីលី) ចាប់ពីតំបន់ភាគខាងជើងនៃអារីកា(Arica) ទៅតំបន់ភាគខាងត្បូងនៃឡូសឡាហ្គោស(Los Lagos)។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ខារ៉ូលីណា តូហា បានអះអាងថា ការដាច់ចរន្តអគ្គិសនី គឺបណ្តាលមកពីការខូចខាតនៃបណ្តាញខ្សែបញ្ជូនអគ្គិសនីនៅភាគខាងជើងរបស់ប្រទេស។ ជុំវិញការដាច់ភ្លើងទ្រង់ទ្រាយធំនេះ ធ្វើឱ្យតាមដងផ្លូវក្នុងរដ្ឋធានីស្ថិតក្នុងភាពងងឹតសូន្យសុង ខណៈពន្លឺស៊ីរ៉ែនចេញពីរថយន្តសង្គ្រោះបន្ទាន់បានភ្លឺចាំងពេញទីក្រុង។ ជាមួយគ្នានេះ រថភ្លើងក្រោមដីនៃរដ្ឋធានីសាន់ធីអាហ្គោ ដែលប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ត្រូវបានបិទ ហើយអ្នកដំណើរជាច្រើនត្រូវបានជម្លៀសចេញពីចំណតរថភ្លើង។ យ៉ាងណា កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីជួយរក្សាសណ្តាប់ធ្នាប់។
ប្រធានាធិបតីឈីលី លោក ហ្កាប្រ៊ីល បូរីក បានលើកឡើងថា ផ្ទះចំនួន៨លានខ្នងត្រូវបានរងប៉ះពាល់ ប៉ុន្តែពាក់កណ្តាលត្រូវបានស្តារឡើងវិញហើយ។ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា៖«អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺរឿងគួរឱ្យក្ដៅក្រហាយណាស់ ព្រោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឈីលីរាប់លាននាក់ ហើយរដ្ឋមានកាតព្វកិច្ចទទួលខុសត្រូវចំពោះប្រជាជន»។
គួរជម្រាបថា ការដាច់ភ្លើងទ្រង់ទ្រាយធំនេះ បានបង្កផលលំបាកជាខ្លាំង ដល់តំបន់ជាច្រើន ពោលគឺចាប់់ពីតំបន់ភាគខាងជើងដែលពឹងផ្អែកខ្លាំងលើការជីកយករ៉ែ រហូតទៅដល់តំបន់កណ្តាល និងភាគខាងត្បូង ជាតំបន់ប្រជាជនភាគច្រើនប្រតិបត្តិការនៅអណ្តូងរ៉ែទង់ដែងសំខាន់ៗ ខណៈអណ្តូងរ៉ែធំៗ និងសំខាន់ៗគ្មានអគ្គិសនីប្រើប្រាស់។ ទន្ទឹមនឹង ឈីលី គឺជាប្រទេសផលិតទង់ដែងលំដាប់កំពូលរបស់ពិភពលោក។ ជាចុងក្រោយ ប្រតិបត្តិករប្រព័ន្ធបណ្តាញអគ្គិសនីជាតិរបស់ឈីលីបានអះអាងថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៅពីក្រោយការដាច់ភ្លើងទ្រង់ទ្រាយធំបែបនេះ៕

