សមយុទ្ធបាញ់គ្រាប់ពិតដោយនាវាកងទ័ពជើងទឹកចិន នៅសមុទ្ទ Tasman បានបង្ខំឱ្យជើងហោះហើរចំនួន៤៩ផ្លាស់ប្ដូរផ្លូវ

ស៊ីដនី៖ សមយុទ្ធបាញ់គ្រាប់ពិតដោយនាវាកងទ័ពជើងទឹកចិន កាលពីសប្តាហ៍មុននៅសមុទ្ទ Tasman បានបង្ខំឱ្យជើងហោះហើរចំនួន៤៩ផ្លាស់ប្ដូរផ្លូវ។
ក្រុមហ៊ុនអាកាសចរណ៍រួមមាន Qantas, Emirates, Air New Zealand និង Virgin Australia បានកែប្រែផ្លូវហោះហើរកាលពីថ្ងៃសុក្រទី២១កុម្ភៈ បន្ទាប់ពីប្រទេសចិនព្រមានអំពីសមយុទ្ធបាញ់គ្រាប់ពិតដ៏កម្រនៅក្នុងដែនទឹកអន្តរជាតិរវាងអូស្ត្រាលី និងនូវែលសេឡង់។
ប្រទេសទាំងពីរ បានលើកឡើងពីការព្រួយបារម្ភជាមួយចិន ដោយនិយាយថា ពួកគេមិនបានទទួលការជូនដំណឹងគ្រប់គ្រាន់ពីកងទ័ពជើងទឹករបស់ចិន អំពីសមយុទ្ធយោធានៅឆ្នេរសមុទ្ទ New South Wales របស់អូស្ត្រាលី។
អ្នកបើកយន្តហោះត្រូវបានជូនដំណឹងជាធម្មតាចំពោះសមយុទ្ធយោធា ការបាញ់រ៉ុក្កែត និងបញ្ហាផ្សេងទៀត ដែលអាចប៉ះពាល់ដល់ដែនអាកាស។ ជាធម្មតាត្រូវបានធ្វើឡើងយ៉ាងហោចណាស់២៤ម៉ោងមុនព្រឹត្តិការណ៍បែបនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Airservices Australia លោក រ៉ូប សាប (Rob Sharp) ប្រាប់សវនាការសភាកាលពីល្ងាចថ្ងៃចន្ទទី២៤ ខែកុម្ភៈថា៖«អ្នកបើកយន្តហោះរបស់ក្រុមហ៊ុន Virgin Australia បានជូនដំណឹងដល់ទីភ្នាក់ងាររបស់គាត់ថា កងទ័ពជើងទឹកចិនគ្រោងនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្ងាយ៤៨៣គីឡូម៉ែត្រពីឆ្នេរសមុទ្ទភាគខាងកើតរបស់ប្រទេសអូស្ត្រាលី»។
សមយុទ្ធបាញ់គ្រាប់ពិតអាចចាប់ផ្តើមប្រហែល៣០នាទី មុនពេលអ្នកបើកយន្តហោះ Virgin Australia បានដឹងសារជាលើកដំបូង ហើយបញ្ជាការប្រតិបត្តិការការពាររបស់ប្រទេសអូស្ត្រាលី ត្រូវបានជូនដំណឹង១០នាទីបន្ទាប់ពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានទទួលដំណឹង។ ចំណាត់ការរបស់ភាគីចិន ផ្ទុយពីកងកម្លាំងការពារជាតិបារាំង ធ្វើសមយុទ្ធយោធានៅជិតទឹកដីរបស់ពួកគេក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ជាធម្មតាជូនដំណឹងអំពីចរាចរណ៍ផ្លូវអាកាសរបស់អូស្ត្រាលីពី២៤ទៅ៤៨ម៉ោងជាមុន។
នាវាចម្បាំង និងនាវាបំពេញបន្ថែមរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជន បានចូលដល់សមុទ្ទអូស្ត្រាលី ហើយបានធ្វើដំណើរតាមឆ្នេរសមុទ្ទភាគខាងកើតនៃប្រទេសអូស្ត្រាលី កាលពីសប្តាហ៍មុន។ ក្រសួងការពារជាតិចិន បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានចេញការជូនដំណឹងអំពីសុវត្ថិភាពម្ដងហើយម្ដងទៀតជាមុន ហើយថាសកម្មភាពរបស់ខ្លួនអនុលោមតាមច្បាប់អន្តរជាតិ និងមិនប៉ះពាល់ដល់សុវត្ថិភាពហោះហើររបស់អាកាសចរណ៍៕

