សហភាពអឺរ៉ុបនឹងផ្តល់ជំនួយថ្មីចំនួន ៣.៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៣.៥ពាន់លានអឺរ៉ូ (៣.៦៧ពាន់លានដុល្លារ) ដែលនឹងចាប់ផ្តើមនៅខែក្រោយ។
លោកស្រី von der Leyen បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុង Kiev ថា «ខ្ញុំអាចប្រកាសថាការទូទាត់ថ្មីចំនួន ៣.៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែននឹងមកដល់រួចហើយនៅក្នុងខែមីនា»។
លោកស្រីបានគូសបញ្ជាក់ថា ដោយសារមូលនិធិអ៊ុយក្រែន និងប្រាក់កម្ចីពីក្រុមប្រាំពីរ គម្លាតថវិការបស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៥ ទាំងមូលត្រូវបានគ្របដណ្តប់យ៉ាងពេញលេញ។
លោកស្រី Von der Leyen ក៏បានបង្ហាញកញ្ចប់សុវត្ថិភាពថាមពលដែលមានគោលបំណងធានានូវប្រព័ន្ធថាមពលដែលធន់ សុវត្ថិភាព និងប្រកួតប្រជែងសម្រាប់អ៊ុយក្រែន។
ជាផ្នែកនៃការគាំទ្ររយៈពេលវែងរបស់សហភាពអឺរ៉ុប ផែនការនេះរួមបញ្ចូលទាំងការរួមបញ្ចូលទីផ្សារអគ្គិសនីរបស់អ៊ុយក្រែនយ៉ាងពេញលេញទៅក្នុងប្រព័ន្ធអ៊ឺរ៉ុបនៅឆ្នាំ២០២៧ និងការបន្តបញ្ចូលអ៊ុយក្រែនទៅក្នុងវិស័យឧស្ម័នរបស់សហភាពអឺរ៉ុប។
លើសពីនេះ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងធ្វើការពន្លឿនការបញ្ជូនអាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
លោកស្រី Von der Leyen បានមកដល់ទីក្រុងគៀវកាលពីព្រឹកថ្ងៃចន្ទ សម្រាប់ព្រឹត្តិការណ៍មួយដើម្បីប្រារព្ធខួបលើកទីបីនៃវិបត្តិអ៊ុយក្រែន។
