ទាហានកូឡុំប៊ី ៩នាក់ស្លាប់ និង២០នាក់ទៀតរបួស ក្នុងឧបទ្ទវហេតុរថយន្តយោធាក្រឡាប់ធ្លាក់ចូលជ្រោះ នៅភាគនិរតីនៃប្រទេស

បូហ្គោតា៖ ទាហានកូឡុំប៊ី៩នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតរងរបួសនៅក្នុងឧបទ្ទវហេតុរថយន្តយោធាក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រោះមួយនៅភាគនិរតីនៃប្រទេសកូឡុំប៊ី ខណៈពួកគេកំពុងប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀននៅតំបន់ព្រំដែន។ នេះបើតាមការអះអាងដោយក្រុមមន្ត្រី។
អភិបាលខេត្តណារីណូ (Narino) លោក ល្វីស អាល់ហ្វុនហ្សូ អះអាងទៅកាន់វិទ្យុ Blu Radio ថា រថយន្តយោធាដែលដឹកទាហាន៣៦នាក់បានបាត់បង់ការគ្រប់គ្រង ក្រោយដាច់ហ្វ្រាំង រួចក៏បានក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រហែល១០០ម៉ែត្រ កាលពីថ្ងៃទី២៣កុម្ភៈ។ វីដេអូមួយបង្ហាញថា ក្រុមអ្នកជួយសង្គ្រោះព្យាយាមប្រើខ្សែពួរដើម្បីសម្រូតខ្លួនចុះក្រោមក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលស្ថិតនៅផ្នែកខាងក្រោមនៃរណ្តៅជ្រោះ។ អ្នករងរបួសធ្ងន់ចំនួន២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមផ្លូវអាកាស ខណៈទាហានចំនួន៩នាក់បានស្លាប់។
សូមរំឭកថា មុនពេលជួបឧបទ្ទវហេតុ ទាហានទាំងនោះកំពុងធ្វើដំណើរទៅកាន់ទីក្រុងណារីណូដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន ខណៈទីក្រុងណារីណូជាតំបន់ញាំញីដោយការជួញដូរកូកាអ៊ីន។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងយោធារបស់ប្រទេសកូឡុំប៊ី និងក្រុមឧទ្ទាម និងក្រុមជួញដូរគ្រឿងញៀន បានកើនឡើងនាពេលថ្មីៗនេះ ខណៈប្រទេសអាម៉េរិកខាងត្បូងមួយនេះ តស៊ូដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយប្រហែល ៦ទសវត្សរ៍មកហើយ។ ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសកូឡុំប៊ីកំពុងប្រជែងគ្នាគ្រប់គ្រងតំបន់ជាប់ព្រំដែនអេក្វាឌ័រ ជាតំបន់ផលិត និងជួញដូរកូកាអ៊ីនដ៏សំខាន់៕

