ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង បង្ហាញពីភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង ចំពោះវិធីសាស្ដ្រនៃការរកសន្តិភាពឱ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានបង្ហាញពីភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង កាលពីថ្ងៃចន្ទទី២៤ ខែកុម្ភៈ ចំពោះវិធីសាស្ដ្រនៃការរកសន្តិភាពឱ្យអ៊ុយក្រែន។ លោក ត្រាំ បង្ហាញក្ដីសង្ឃឹមថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ ប៉ុន្តែមេដឹកនាំបារាំងបានព្រមានថា វាសំខាន់ណាស់ ដែលកិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយជាមួយរដ្ឋធានីមូស្គូ មិនត្រូវឱ្យអ៊ុយក្រែនចុះចាញ់ឡើយ។
ក្នុងអំឡុងពេលមួយថ្ងៃនៃកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ត្រាំ និងលោក ម៉ាក្រុង បានបង្ហាញទំនាក់ទំនងមិត្តភាពដោយផ្អែកលើទំនាក់ទំនងល្អជាច្រើនឆ្នាំ។ ប៉ុន្តែលោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនយល់ស្របជាមួយលោក ត្រាំ លើបញ្ហាសំខាន់ៗមួយចំនួន ខណៈជំនួបរវាងប្រមុខរដ្ឋទាំង២ ធ្វើឡើងចំថ្ងៃខួប៣ឆ្នាំដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោក ត្រាំ បានបដិសេធមិនសំដៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាជនផ្តាច់ការ បន្ទាប់ពីបានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថាជាជនផ្តាច់ការកាលពីសប្តាហ៍មុន។ លោក ម៉ាក្រុង សង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា រុស្ស៊ីជាអ្នកឈ្លានពានអ៊ុយក្រែន។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ត្រាំ ថា៖«ប្រធានាធិបតីពូទីនបានរំលោភលើសន្តិភាព»។
លោក ត្រាំ ចង់ឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកំពុងព្យាយាមរៀបចំ។ លោកអាចទៅរដ្ឋធានីមូស្គូតែម្ដង ដើម្បីជួបជាមួយពូទីន នៅពេលដែលកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ ដោយឡែក លោក ម៉ាក្រុង ជំរុញឱ្យចាប់ផ្តើមបទឈប់បាញ់ និងបន្ទាប់មកកិច្ចព្រមព្រៀងសន្តិភាព ដែលរួមមានការធានាសន្តិសុខ។ លោកប្រាប់អ្នកយកព័ត៌មានថា៖«យើងចង់បានសន្តិភាព គាត់ចង់បានសន្តិភាព។ យើងចង់បានសន្តិភាពយ៉ាងឆាប់រហ័ស ប៉ុន្តែយើងមិនចង់បានកិច្ចព្រមព្រៀងដែលខ្សោយនោះទេ»។ កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែត្រូវបានវាយតម្លៃ ពិនិត្យ និងផ្ទៀងផ្ទាត់។ ទោះជាយ៉ាងណា មេដឹកនាំទាំងពីរបានយល់ព្រមលើការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចជាយថាហេតុ។
លោក ត្រាំ ទទួលយកគំនិតនេះ ដូចលោកពូទីនដែរ។ បុរសសេដ្ឋកិច្ចសង្កត់ធ្ងន់ថា ការចំណាយ និងបន្ទុកនៃការធានាសន្តិភាពត្រូវតែបង់ដោយប្រជាជាតិអឺរ៉ុប មិនមែនត្រឹមតែសហរដ្ឋអាម៉េរិកនោះទេ។ ទាក់ទិននឹងបញ្ហានេះ លោក ម៉ាក្រុង ទទូចថា អឺរ៉ុបមិនបានគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយអ៊ុយក្រែនទេ។ លោក ម៉ាក្រុង សង្ឃឹមថា នឹងប្រើប្រាស់ទំនាក់ទំនងអន្តរបុគ្គលរយៈពេលជាច្រើនឆ្នាំរបស់លោកជាមួយ ត្រាំ ដើម្បីដាក់សម្ពាធលើករណីរបស់អឺរ៉ុប និងអ៊ុយក្រែន បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងទំនាក់ទំនងឆ្លងសមុទ្ទអាត្លង់ទិច។ លោក ម៉ាក្រុង ជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបានទៅជួបលោក ត្រាំ ដល់សេតវិមានចាប់តាំងពីលោកបានឡើងកាន់អំណាចមួយខែមុន និងបានហៅការពិភាក្សានេះថា ជាចំណុចរបត់មួយក្នុងការជំរុញឱ្យមានវិធីសាស្ដ្របង្រួបបង្រួមបន្ថែមទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃៀ ស្តាមឺរ (Keir Starmer) ក៏នឹងទៅជួបលោក ត្រាំ នៅចុងសប្តាហ៍នេះដែរ៕

