រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ថាប្លុកអាស៊ីអាគ្នេយ៍ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយអាមេរិក ដើម្បីឱ្យប្រទេសសមាជិកអាចបង្ហាញទស្សនៈ លើផែនការពន្ធរបស់អាមេរិក

គូឡាឡាំពួ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈថា ប្លុកអាស៊ីអាគ្នេយ៍អាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិក ដើម្បីឱ្យប្រទេសជាសមាជិកអាចបង្ហាញទស្សនៈរបស់ពួកគេ លើផែនការពន្ធរបស់មហាអំណាចសេដ្ឋកិច្ចទី១លើសាកលលោកនេះ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធប្រហែល២៥ភាគរយលើការនាំចូលរថយន្ត semiconductor និងឱសថ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ប្រាប់សភាថា ពន្ធគយបែបនេះនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ី ដោយសារផលិតផលអគ្គិសនី និងអេឡិចត្រូនិកបង្កើតបាន៦០ភាគរយនៃពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ លោកបន្តថា៖«នេះជាការវាយប្រហារដ៏ធំ ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហានេះបានក្នុងពេលឆាប់ៗទេ»។ លោកបានបន្ថែមថា អាស៊ានគ្រោងនឹងធ្វើកិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីជជែកជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអំពីបញ្ហាពន្ធ។ លោកបន្តថា៖«យើងត្រូវធ្វើការពិភាក្សាអំពីរបៀបផ្ដល់ទស្សនៈពីប្រទេសអាស៊ាន ដើម្បីធានាថា ពន្ធដែលបានស្នើឡើងមិនដាក់បន្ទុកដល់យើង»។
គួរបញ្ជាក់ថា ម៉ាឡេស៊ីគឺជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៥។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ពាណិជ្ជកម្មទំនិញអាម៉េរិកជាមួយម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៨០,២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយឱនភាពពាណិជ្ជកម្មទំនិញអាម៉េរិកជាមួយម៉ាឡេស៊ីមានចំនួន ២៤,៨ពាន់លានដុល្លារកាលពីឆ្នាំមុន៕

